នាថ្ងៃទី ២៥-២៦
ខែកក្កដា ឆ្នាំ២០២៤, លោក
ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តព្រះវិហារ
និងមន្រ្តីជំនាញ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ
ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្រោមអធិបតីភាព ឯកឧត្តម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.
អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ
និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក
លោកស្រី តំណាងរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរ
សហវ. រាជធានី-ខេត្ត ទាំង២៥ ប្រមាណ ១២០នាក់។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម
ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត
ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព
ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។